ទួលល្ងោនស្ថិតនៅចម្ងាយប្រមាណប្រាំមួយគីឡូម៉ែត្រពីភូមិសំរុងលើ។ ភូមិនោះមានប្រវត្តិដែលទាក់ទងទៅនឹងសង្គ្រាមខ្មែរសៀម និងឧបាយកលជាច្រើនដែលសៀមបានប្រើប្រាស់មកលើបងប្អូនជនជាតិភាគតិចស្អូច។
ប្រជាជនស្អូច ភាគច្រើនណាស់ដែលនៅចាំប្រវត្តិនៃភូមិទួលល្ងោន និងភូមិដទៃទៀតជាច្រើននៅសម័យកាលនោះ។
តាមការសាកសួរពូគ្រើល ដែលជនជាតិស្អូចបាននៅចាំរឿងរ៉ាវនោះច្បាស់ ហើយបាននិយាយប្រាប់យើងថា ៖
កាលនោះ សៀមបានចូលវាយយកបន្ទាយគ្នាព្រៃរបស់ពួកស្អូច ដើម្បីដណ្តើមយកប្រជាជនកៀរយកទៅស្រុកវា ហើយពួកវាបានទទួលបរាជ័យផ្ទួនៗ។ ក្រោយមកទើបវាប្រើល្បិចកលទៅជាលេងល្ងោន ដើម្បីទាក់ទាញទឹកចិត្តរបស់ពួកស្អូចឲ្យទៅមើលពួកគេសំដែង មានអំណោយចែកជូនផងដូចជា ៖ ទឹកអប់ ប្រេងម្សៅ ខោអាវជាច្រើនទៀត។ រឿងមួយនៅយប់ទីមួយ ទីពីរ ពួកវាលេងភាគច្រើនសុទ្ធតែរឿងល្អៗមើល។ ដោយឡែកយប់ទីបី ពេលនោះមានមនុស្សច្រើនទៅមើលពួកវាសម្តែង លើកលែងតែប្តីប្រពន្ធពីរនាក់មិនបានទៅ ព្រោះប្រពន្ធគ្រប់ខែ (ជិនឆ្លងទន្លេ)។ ពេលល្ងោនកំពុងតែលេង ពួកសៀមបានបិទទ្វារខ្ទប់មិនឲ្យមនុស្សចេញ ពេលនោះមេកន្ទ្រាញរងប្រចាំពួកស្អូចបានដឹងពីល្បិចកល ក៏សុំពួកវាមកផឹកទឹក ហើយក៏រត់គេចតាមស្រែចាម (ហៅស្រែធំ) ដើម្បីមកប្រាប់ទាហានស្អូចនៅបន្ទាយគ្នាព្រៃ ពេលទាហានពួកគេទៅដល់ត្រូវពួកសៀមកៀរអស់ហើយ។
ចំណែកលោក Menetrier E(៥) លោកបានសរសេរថា ៖
កាលពីពេលមួយនោះ ប្រទេសជិតខាងមួយបានប្រើប្រាស់ការប៉ិនប្រសព្វ យ៉ាងសាមញ្ញ ដើម្បីលុកលុយប្រទេសជិតខាងរបស់ខ្លួនមួយក្នុងគោលបំណងដណ្តើមប្រជាជន។ តាមរយៈសម្តែងរបាំ ពួកវាធ្វើការទាក់ទាញប្រជាជនកំសត់ ហើយពួកវាបានឡោមព័ទ្ធក្នុងឱកាសហុចឲ្យយកពួកគេទាំងនោះធ្វើជាចំណាត់ខ្មាំង។ ការចិញ្ចឹមជីវិតនៅលើទឹកដីដែលស្ថិតនៅតំបន់ជិតខាង ដែលមានឈ្មោះថា «ទួលល្ងោន» នោះដែលជាកន្លែងស្ថិតនៅជានិរន្តន៍នៃអនុស្សាវរីយ៍ឈឺចាប់ខ្លោចផ្សានោះ។
ពេលសៀមបានកៀរ ប្រជាជនស្អូចបានធ្វើដំណើរទាំងយប់កាត់តាមត្រពាំងទឹកមួយ ក្រោយមកត្រពាំងនោះត្រូវបានប្រជាជនយើងតាំងទីលំនៅ ដោយដាក់ឈ្មោះថា «ភូមិត្រពាំងកៀរ»។ នៅពេលកៀរប្រមូលផ្តុំប្រជាជនទៅមូលគ្នាក្នុងព្រៃ ដែលមានត្រពាំងទឹកបរិភោគ សំរាប់ស្នាក់នៅបណ្តោះអាសន្ន ត្រពាំងនោះស្ថិតនៅចំងាយប្រមាណ ១០ គីឡូម៉ែត្រពីភូមិត្រពាំងកៀរ។
សម័យកាលក្រោយមក ត្រពាំងនោះត្រូវបានប្រជាជនខ្មែរជាច្រើនតាំងទីលំនៅនៅទីនោះ ហើយដាក់ឈ្មោះថា «ត្រពាំងមូល» រហូតមកដល់សព្វថ្ងៃនេះ។ រួចហើយពួកសៀមបានកៀរប្រជាជនយើងយកទៅដាក់ក្បែរតាមសមុទ្រ ដើម្បីត្រៀមដឹកតាមកប៉ាល់យកទៅស្រុកវាធ្វើជាទាសករ។ ពេលនោះមានបងប្អូន ឪពុកម្តាយ ជីដូនជីតាចាស់ៗ បានទៅតាមសាកសួរសុខទុក្ខគ្រួសារកូនចៅ នៅពេលទៅដល់ឃើញកូនចៅ គ្រួសារត្រូវពួកវាវាយធ្វើបាប ចងតំរៀបជួរ ដោតស្លឹកត្រចៀក ក៏កើតទុក្ខយំអាណិតកូនចៅរបស់ខ្លួន លាន់ឮទ្រហឹងអឹងអាប់ ដោយសារសំលេងទើបគេដាក់ឈ្មោះភូមិនោះថា «ភូមិម៉ាអ៊ូ» ជាប់រហូតមកដល់បច្ចុប្បន្ននេះ។
លោក កែប វ៉ាន់ឌី(៦) បានសរសេរថា ក្រុមនេះរកកលនឹងវិនាសផុតពូជម្តងរួចទៅហើយ នៅឆ្នាំ ១៨៤០ ពួកសៀមដែលនៅជាប់ចុះមកវាយស្រុកខ្មែរតាមផ្លូវហាទៀងនោះ បានចាប់ពួកស្អូចនាំជាឈ្លើយទៅស្រុកវា។ នៅតាមផ្លូវ ពួកស្អូចស្លាប់អស់ជាច្រើន ព្រោះពួកសៀមធ្វើបាប។ ចំណែកអ្នកដែលនៅរស់វិញ ត្រូវបានស្តេចសៀមបញ្ជាឲ្យយកទៅនៅភូមិមួយជិតទីក្រុងបាងកក។ តែពួកនេះចេះតែស្លាប់បន្តគ្នាម្តងម្នាក់ៗ រហូតសល់តែមនុស្ស ២ នាក់គត់។ ឃើញដូច្នោះ ស្តេចសៀមក៏អនុញ្ញាតិឲ្យអ្នកទាំងពីរនេះត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ។ មកដល់ស្រុកខ្មែរ អ្នកទាំងពីរនេះបានប្រទះឃើញស្ត្រីក្នុងក្រុមរបស់ខ្លួនបីនាក់ ដែលបានភៀសខ្លួនទៅរស់នៅជាមួយជនជាតិខ្មែរ ក៏បានរៀបការជាមួយគ្នាទៅ។ ដើម្បីកុំឲ្យកុលសម្ព័ន្ធស្អូចនេះស្លាប់បាត់ពូជ ស្តេចខ្មែរក៏អនុញ្ញាតិឲ្យពួកនេះរៀបការរវាងបងប្អូនបង្កើតរបស់ខ្លួនបាន៕
------------------------------
(៥) Menetrier E (1926) page 40
(៦) កែប វ៉ាន់ឌី (1970) page 139


