Thursday, December 23, 2010

ទីតាំងភូមិសាស្ត្រស្រុកព្រៃនប់

          ព្រៃនប់​គឺ​ជា​ខ័ណ្ឌ​មួយ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​របស់​ក្រុង​ព្រះសីហនុ (កំពង់សោម)។ ខ័ណ្ឌ​នេះ​កាល​ដើម​ឡើយ គឺ​ជា​ស្រុក​មួយ​របស់​ខេត្ត​កំពត។ ខ័ណ្ឌ​នេះ​មាន​ព្រំ​ប្រទល់​          ជាប់​ខេត្ត​កំពត ខេត្ត​កោះកុង និង​សមុទ្រ។ សណ្ឋាន​ដី​តំដន់​នេះ​បែងចែក​ជា​បី​ប្រភេទ​គឺ ៖
               - តំបន់​វាល​ស្រែ (ទំនាប)
               - តំបន់​ភ្នំ និង​ព្រៃឈើ
               - តំបន់​ខ្ពង់រាប
          មួយ​ភាគ​ធំ​នៃ​ផ្ទៃ​ដី​ខ័ណ្ឌ​ទាំង​មូល​គឺ​ជា​តំបន់​ភ្នំ និង​ព្រៃឈើ​ធំ​​ៗ ព្រម​ទាំង​ជា​ជម្រក​សត្វ​ព្រៃ​តូច​ធំ​គ្រប់​ប្រភេទ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ព្រៃឈើ និង​សត្វ​ព្រៃ​ទាំង​នេះ ត្រូវ​បាន​គេ​កាប់​បំផ្លាញ និង​បរបាញ់​យ៉ាង​អណាធិបតេយ្យ​បំផុត។ អាស្រ័យ​ដោយ​ដី​តំបន់​នេះ​ជា​ដី​ក្រហម គេ​អាច​ដាំ​ដំណាំ​ឧស្សាហកម្ម​បាន​ដូច​ជា កៅស៊ូ ដូង​ប្រេង និង​ស្វាយ​ចន្ទី​ជា​ដើម​ទទួល​បាន​ផល​ល្អ។ ដី​មួយ​ផ្នែក​តូច​ជាប់​នឹង​សមុទ្រ អាច​ឲ្យ​ពួក​គេ​នេសាទ​ត្រី​ទឹកប្រៃ​បាន ជា​ពិសេស ពួក​ស្អូច​ដែល​បាន​រស់​នៅ​ទី​នោះ។ ខ័ណ្ឌ​នេះ​មាន​បណ្តាញ​ផ្លូវ​គមនាគមន៍ល្អ ទាំង​ផ្លូវ​ថ្នល់ និង​ផ្លូវ​ដែក។ ខ័ណ្ឌ​ព្រៃនប់​ជា​ចំណុច​ប្រសព្វ​រវាង​ផ្លូវ​ជាតិ​លេខ ៣ និង​ផ្លូវ​ជាតិ​លេខ ៤។ នៅ​ទី​ប្រជុំ​ជន​វាលរេញ ប្រជាជន​ភាគ​ច្រើន​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុង​ភ្នំពេញ ក្រុង​ព្រះសីហនុ និង​ខេត្ត​កំពត ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​ទាំង​ពីរ​ខាង​លើ ឬ​ផ្លូវ​ដែក ក្នុង​ការ​ដឹក​ជញ្ជូន​ផលិត​ផល​របស់​ខ្លួន​មក​កាន់​ទីក្រុង។ តំបន់​នេះ​មាន​ជនជាតិ​មួយ​ចំនួន​រស់​នៅ​ដូច​ជា ស្អូច ចាម ចិន​...។ល។ ក្នុង​ភូមិសាស្ត្រ​ព្រៃនប់ គេ​ពុំ​ប្រទះ​ឃើញ​មាន​ប្រាសាទ​បុរាណ ឬ​ទី​ទួល​ប្រវត្តិសាស្ត្រ​បុរេប្រវត្តិសាស្ត្រ​ទេ។ ការ​ធ្វើ​កសិកម្ម​នៅ​តំបន់​នេះ គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ទឹក​ភ្លៀង៕