ខ័ណ្ឌព្រៃនប់បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុងកំពង់សោម (ក្រុងព្រះសីហនុ)។
ក្រុងទាំងមូលមានខ័ណ្ឌជាចំណុះចំនួនបីគឺ ៖
- ខ័ណ្ឌព្រៃនប
- ខ័ណ្ឌស្ទឹងហាវ
- ខ័ណ្ឌមិត្តភាព
ខ័ណ្ឌព្រៃនប់កាលពីជំនាន់មុនៗ គឺជាស្រុកមួយនៃខេត្តកំពត។ ក្រោយមក នៅជំនាន់រដ្ឋកម្ពុជា នាឆ្នាំ ១៩៨២ ដោយយល់ឃើញថា ក្រុងនេះមានសារសំខាន់ ហើយអាចអភិវឌ្ឍន៍ឲ្យមានស្ថានភាពល្អប្រសើរ ព្រមទាំងការគ្រប់គ្រងមានស្ថានភាពទូលាយ ទើបរដ្ឋអំណាចជំនាន់នោះបានសម្រេចកាត់ស្រុកព្រៃនប់នេះពីខេត្តកំពត មកបញ្ចូលទៅខាងក្រុងព្រះសីហនុធ្វើជាខ៍ណ្ឌទៅវិញ។ ក្នុងចំណោមខ័ណ្ឌទាំងបីរបស់ក្រុង គឺមានតែខ័ណ្ឌព្រៃនប់ទេ ដែលមានពួកជនជាតិស្អូចរស់នៅ។ ពួកគេស្នាក់នៅភូមិសំរុងលើនៃឃុំសំរុង។ ការរស់នៅរបស់ពួកស្អូច ព្រមទាំងការគ្រប់គ្រង មិនអាស្រ័យលើមេកន្ទ្រាញឡើយ គឺស្ថិតនៅក្រោមការដឹកនាំ និងមើលការខុសត្រូវពីប្រធានភូមិខ្មែរ ឬស្អូច។ រាល់ទំនាក់ទនងរវាងរដ្ឋបាល ភូមិ ឃុំ ខ័ណ្ឌ ក្រុង គឺមានលក្ខណៈល្អ អាស្រ័យដោយផ្លូវគមនាគមន៍អំណោយផលសម្រាប់កិច្ចការនេះ។ កាលជំនាន់រដ្ឋកម្ពុជា ភូមិដែលស្អូចរស់នៅគឺមានការលំបាកយ៉ាងខ្លាំង បណ្តាលមកពីសង្គ្រាម ដូចជាបញ្ហាសន្តិសុខដែលខ្មាំងសត្រូវតែងតែមកយាយី ឆក់ប្លន់ទ្រព្យសម្បត្តិ និងកាប់សម្លាប់ពួកគេស្ទើរតែរាល់ថ្ងៃ។ ហើយពួកស្អូចមួយចំនួនធំ ពិសេសប្រុសៗ ត្រូវជាប់កំណែនទ័ព ឈ្លប នគរបាលការពារភូមិ ឃុំ ខ្លះជួយបំរើការងារស៊ីវិលក្នុងខ័ណ្ឌ...។ ឥឡូវបន្ទុកទាំងនេះត្រូវបានគេរំសាយអស់ហើយ ព្រោះសន្តិសុខនៅតំបន់នេះមានលក្ខណៈល្អប្រសើរ។ ប្រធានភូមិ ឃុំ ជាអ្នកដោះស្រាយរាល់បញ្ហាផ្សេងៗ ដែលកើតមានចំពោះប្រជាជនជាយថាហេតុ ព្រមទាំងធ្វើរបាយការណ៍ឡើងទៅខ័ណ្ឌ និងបញ្ជូនបន្តទៅក្រុង។
ក្រៅពីកិច្ចការខាងលើ ប្រធានភូមិមានសិទ្ធិទទួលបន្ទុកការងារផ្សេងៗ មានការងាររដ្ឋ និងការងារផ្ទាល់ក្នុងភូមិរបស់ខ្លួន ដូចជាផ្នែករដ្ឋបាល ដើរធ្វើស្ថិតិប្រជាជនក្នុងភូមិជាដើម៕


