Friday, December 24, 2010

ភូមិដ្ឋាន

១. លំនៅដ្ឋានរបស់ជនជាតិស្អូច
          ជនជាតិ​ភាគតិច​ស្អូច គឺ​ជា​កុលសម្ព័ន្ធ​មួយ​ភាគ​តូច​ដែល​រស់​នៅ​តំបន់​វាលរេញ​សព្វ​ថ្ងៃ ហើយ​ដែល​កាល​ដើម​ឡើយ​ពួក​គេ​រស់​នៅ​តំបន់​ព្រៃ​ភ្នំ។
          យោង​ទៅ​តាម​លោក Menetrier E(៣) បាន​និយាយ​អំពី​ផ្ទះ​របស់​ជនជាតិ​ស្អូច ដែល​សង់​ជា​ខ្ទម​តូច​ៗ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ហើយ​បិទ​បាំង​ដោយ​ស្លឹក ឬ​ស្បូវ។ ផ្ទះ​ពួក​គេ​មួយ​ឆ្នាំ​ធ្វើ​ម្តង។ ប្រសិន​បើ​មាន​ភ្លៀង ឬ​ខ្យល់​ខ្លាំង​មក​បំផ្លាញ​ដំបូល​មុន​ពេល​កំណត់ ពួក​គេ​ក៏​មិន​មាន​វិធាន​ការ​ជួសជុល​ឡើង​វិញ​ទេ ព្រោះ​គេ​យល់​ថា ការ​ជួសជុល​នេះ​នាំ​ឲ្យ​ចង្រៃ​ដល់​ពួក​គេ។ គេ​សុខ​ចិត្ត​រត់​ទៅ​ជ្រុង​ម្ខាង​ដើម្បី​គេច​ពី​អាកាសធាតុ​ប្រែប្រួល​នេះ។ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន បង​ប្អូន​ស្អូច​មក​រស់​នៅ​សំរុង​លើ​ជាមួយ​បង​ប្អូន​ខ្មែរ​យើង​ដែរ សព្វ​ថ្ងៃ​នេះ​ពួក​គេ​ចេះ​ជួស​ជុល​ផ្ទះ​នៅ​ពេល​មាន​ធ្លុះ​ធ្លាយ​ដំបូល។ ពួក​គេ​ចេះ​យក​ថង់​កៅស៊ូ ឬ​ស្លឹក​ចេក​មក​សៀត​ជួស​ជុល​ដំបូល។ ផ្ទះ​របស់​ជនជាតិ​ស្អូច​មាន​រាង​ដូច​ជា​ផ្ទះ​កន្តាំង​តូច​ៗ​ប្រក់​ស្លឹក​ចាក។ ផ្ទះ​របស់​ពួក​គេ​សព្វ​ថ្ងៃ​ទាំង​អស់​មាន ១២ ខ្នង។ ពួក​គេ​មាន​ចំនួន ១៩ គ្រួសារ។ ផ្ទះ​នេះ​មាន​រាង​ជា​បួន​ជ្រុង​ទ្រវែង ដែល​មាន​បណ្តោយ ៤ ម៉ែត្រ ទទឹង ៣.៥០ ម៉ែត្រ ចំណែក​ជញ្ជាំង​គេ​បិទ​បាំង​ដោយ​ស្លឹក​ចាក ធាង​ដូង សំបក​គគីរ។ សំយ៉ាប​សំរាប់​ធ្វើ​ផ្ទះ​បាយ ហើយ​នៅ​ខាង​ក្រោម​ផ្ទះ ពួក​គេ​យក​ព្រួល​បិទ​បាំង​ជុំវិញ​ផ្ទះ​ដើម្បី​ធ្វើ​ទ្រុង​ជ្រូក ឬ​ទ្រុង​មាន់។ ផ្ទះ​ពួក​គេ​តូច​ៗ ហើយ​បែរ​មុខ​ទៅ​រក​ទិស​ខាង​ជើង ដោយ​ពួក​គេ​មាន​ជំនឿ​លើ​ស្រាអេច​ជា​គោល។ ពួក​គេ​សង់​ផ្ទះ​តូច​ៗ​ជា​ហេតុ​ងាយ​ស្រួល​រុស​រើ បើ​មាន​សមាជិក​ម្នាក់​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ។
     ក. ការ​រក​សម្ភារៈ​សំរាប់​សាងសង់
          មុន​សង់​ផ្ទះ​ពួក​ស្អូច​តែង​តែ​បបួល​គ្នីគ្នា​ឲ្យ​ជួយ​ក្នុង​ការ​កាប់​ឈើ​ធ្វើ​ផ្ទះ​ដូច​ជា សសរ​ផ្ទះ ដែល​ភាគ​ច្រើន​មាន គគីរ​ខ្សាច់​ដែល​ពួក​គេ​យល់​ថា​ឈើ​នេះ​ជាប់​មាំ​ល្អ។ សសរ​គេ​កាប់​សសរ​ចំនួន ៩ ដើម ព្រម​ទាំង​កាប់​កូន​ស្លា​ព្រៃ កូន​ឈើ​តូច​ធ្វើ​រនាប​ព្រម​ទាំង​បោច​ផ្តៅ វល្លិ៍ ត្រៀម​ទុក​បំរើ​ដល់​ការ​សាង​សង់។ ពេល​កាប់​រួច​រាល់​ហើយ ពួក​គេ​នាំ​គ្នា​លី​ទំលាក់​ពី​លើ​ភ្នំ​ចុះ​មក​ក្រោម ហើយ​នាំ​គ្នា​សែង​ឆ្ពោះ​មក​ផ្ទះ។ ចំណែកស្លឹក​ចាក គឺ​គេ​កាប់​ពី​មាត់​សមុទ្រ​យក​មក​ដេរ​ជា​កណ្តប​នៅ​ឯ​ផ្ទះ​ដោយ​ជួយ​សហការណ៍​គ្នា។ ស្លឹក​ចាក​អាច​ជាប់​បាន​រយៈ​ពេល ៣ ឬ ៤ ឆ្នាំ មិន​ចាញ់​ស្បូវ​ឡើយ។ គេ​យក​ឫស្សី​មក​ធ្វើ​ជា​ដង​កណ្តប។
     ខ. ការ​សង់​ផ្ទះ
          ក្រោយ​ពី​បាន​ត្រៀម​សម្ភារៈ​សាង​សង់​រួច​ហើយ ពួក​គេ​ទៅ​ពឹង​មេ​កន្ទ្រាញ​ឲ្យ​ជួយ​មើល​ទី​តាំង​ដី មើល​ពេល​វេលា ដើម្បី​ជ្រើស​រើស​ទី​កន្លែង​សំរាប់​សង់​ផ្ទះ ព្រម​ទាំង​កាល​បរិច្ឆេត​ក្នុង​ការ​សង់។ បន្ទាប់​ពី​រក​បាន​ទី​ធ្លា​សង់ និង​ពេល​វេលា​រួច​មក ពួក​គេ​ក៏​ចាប់​ផ្តើម​លើក​ដី​កំពស់​ប្រហែល ២ ឬ ៣ តឹក។ ពេល​លើក​ដី​កន្លែង​បាត​ផ្ទះ​រួច ពួក​គេ​ចាប់​ផ្តើម​បបួល​គ្នា​ឲ្យ​ជួយ​ធ្វើ​ផ្ទះ។ មុន​ដំបូង​ពួក​គេ​ចាប់​ផ្តើម​កំណត់​ប្រវែង​ទទឹង បណ្តោយ​ផ្ទះ រួច​ចាប់​ផ្តើម​ជីក​រណ្តៅ​កប់​ជើង​សសរ​ចំនួន ៩ មាន​ជំរៅ ៤ ឬ ៥ តឹក។ ពេល​ជីក​រណ្តៅ​រួច​គេ​ចាប់​ផ្តើម​វ៉ៃ​គ្នាប​លើ​សសរ រួច​គេ​ចាប់​ផ្តើម​លើក​សសរ​ដាក់​ជិត​រណ្តៅ។ ពេល​នោះ​គេ​ចាប់​ផ្តើម​រៀប​បាយ សម្លស្គក(៤) សែន​ក្រុង​ពាលី​ព្រម​ទាំង​ម្ចាស់​ទឹក​ម្ចាស់​ដី។ រី​ឯ​បាយ​ស្គក គេ​យក​ដាក់​នៅ​ជិ​រណ្តៅ​សសរ​កន្លោង​ទិស​ខាង​ជើង។ ពេល​រៀប​ចំ​សែន​រួច​ពួក​គេ​ចាប់​ផ្តើម​លើក​សសរ​ម្តង ៣ គឺ​កន្លោង ១ ជើង​រៀង ២។ ការ​លើក​សសរ​នេះ​គឺ​គេ​ចាប់​ផ្តើម​លើក​សសរ​នៅ​ទិស​ខាង​ជើង​មុន ព្រោះ​ពួក​គេ​យល់​ថា​ទិស​នេះ​ជា​មេ​ហើយ​ដំណាង​ឲ្យ​ស្រាអេច​ផង។ បន្ទាប់​មកគេ​ចាប់​ផ្តើម​លើក​សសរ​ឯ​ទៀត រួច​គេ​ចាប់​ផ្តើម​វាយ​ឃ្នាប វាយ​ជញ្ជាំង វ៉ៃ​រនូត​បណ្តើរ​ៗ ចន្លោះ​ពី​រនូត​មួយ​ទៅ​រនូត​មួយ​ប្រវែង ០.៥ ម៉ែត្រ។ ក្រោយ​មក​គេ​ចាប់​ផ្តើម​ក្រាល​រនាប​កូន​ឈើ ឬ​ជំរៀក​ស្លាប​ព្រៃ​ដោយ​ក្រង​វល្លិ៍។ ហើយ​ចាប់​ផ្តើម​ប្រក់​ស្លឹក​ចាក។ លុះ​ប្រក់​រួច​រាល់​ហើយ​គេ​ចាប់​ផ្តើម​ធ្វើ​ជញ្ជាំង​ដោយ​យក​ធាង​ស្លឹក​ចាក ឬ​សំបក​គគីរ​មក​បិទ​បាំង។ គួរ​កត់​សំគាល់​ថា តាម​ទំនៀមទម្លាប់​របស់​ស្អូច​គេ​ធ្វើ​ផ្ទះ​មាន​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ទេ ទោះ​ហើយ​ក្តី មិន​ហើយ​ក្តី ត្រូវ​តែ​ឡើង​នៅ​តែ​ម្តង។ ដោយ​គ្មាន​ធ្វើ​ពិធី​ឡើង​ផ្ទះ​ដូច​ដែល​ខ្មែរ​ធ្លាប់​ធ្វើ​នោះ​ទេ៕
----------------------------------------------
(៣) Menetrier E (1926 page 39)
(៤) បាយ​សម្ល​បង្អែម​សែន