ចំពោះភូមិដែលជនជាតិស្អូចរស់នៅ គឺប្រកបទៅដោយលក្ខណៈប្រពៃណាស់ ដែលអំណោយផលដល់ធម្មជាតិ មនុស្ស សត្វ រុក្ខជាតិ ពិសេសដំណាំកសិកម្មច្រើនប្រភេទ ដោយគិតទាំងដំណាំឧស្សាហកម្ម និងដំណាំរួមផ្សំទៀតផង។ នៅក្នុងភូមិដែលមានជនជាតិស្អូចគេរស់នៅគឺសំបូរទៅដោយជួរភ្នំធំៗដូចជា ជួរភ្នំដំរី និងភ្នំច្រមុះស្នារួមនិងភ្នំដទៃទៀត ដែលនៅអមសងខាងភូមិ។ ទន្ទឹមនឹងមានជួរភ្នំ និងភ្នំក៏មានព្រៃឈើលាតត្រដាងយ៉ាងវែង រួមទាំងបឹងបួរ អូរ និងពាមដែលនៅជាប់សមុទ្រ។
នៅរដូវប្រាំងដែលជារដូវវែង ស្ងួត អណ្តូងទឹកត្រូវបានគេជីកគួបផ្សំនឹងអណ្តូងស្នប់ ដែលអាចយកទឹកប្រើប្រាស់ក្នុងជីវភាពមនុស្សសត្វនៅតំបន់នេះបានយ៉ាងស្រួល។
ថ្វីត្បិតតែភូមិដ្ឋានជនជាតិស្អូចតាំងនៅក្បែរជើងភ្នំក៏ដោយ ប្រសិនបើយើងពិនិត្យមើលឲ្យបានដិតដល់គឺមានលក្ខណៈអនថយទន់ខ្សោយនៅឡើយ គឺមិនទាន់រីកចំរើនដូចជាទីប្រជុំជននៅក្បែរនោះ ៖ «ខាងវិស័យជីវភាពរស់នៅ និងមធ្យោបាយផ្សេងៗ សំរាប់សំរួលដល់ជីវិតរស់នៅ»។
ដោយឡែកការរៀបចំភូមិឃុំ គឺមានសណ្តាប់ធ្នាប់ល្អ រួមទាំងផ្លូវលំកាត់ខ្វាត់ខ្វែង ជាពិសេសមានផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើងដែលមានលក្ខណៈសំខាន់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចជាតិ។ ភូមិសំរុងលើដែលពួកស្អូចរស់នៅ យើងអាចធ្វើដំណើរដោយជើង គឺចម្ងាយតែ ២០០ ទៅ ៣០០ ម៉ែត្រប៉ុណ្ណោះ យើងអាចទៅដល់ជើងភ្នំច្រមុះស្នា។ នៅទីនោះហើយដែលសំបូរទៅដោយព្រៃឈើធំៗ ដែលបច្ចុប្បន្នកំពុងរងនូវការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីពួកឈ្មួញធំៗតាមរយៈក្រុមហ៊ុន តាមរយៈកងកំលាំងប្រដាប់អាវុធការពារ គឺពួកគេធ្វើសកម្មភាពបំផ្លាញ់ព្រៃឈើយ៉ាងអនាធិបតេយ្យបំផុត ហើយប្រើប្រាស់សុទ្ធតែឧបករណ៍ទំនើបៗដែលពុំមានបច្ចេកទេសក្នុងការកាប់ទេ។
បើគេនិយាយពីសត្វព្រៃទៀតសោត កាលពីសម័យមុនសំបូរណាស់ដូចជា ខ្លា ដំរី ក្តាន់ ជ្រូកព្រៃ ប្រើស និងសត្វស្លាបមួយចំនួនរស់នៅតាមភ្នំ ឬមួយចំនួនរស់នៅតាមពាម។ ក៏ប៉ុន្តែសត្វទាំងនេះ មួយចំនួនត្រុវរងគ្រោះដោយសារសង្គ្រាម ដោយសារការបរបាញ់គ្មានច្បាប់ទំលាប់ និងម៉ីនដែលបង្កៃក្នុងព្រៃចោល គួបផ្សំនឹងការដាក់អន្ទាក់ផងនោះ ធ្វើឲ្យសត្វព្រៃមួយចំនួនធំត្រុវបាត់ស្ទើរផុតពូចទៅហើយដូចជា ខ្លា ដំរី ជាដើម។
និយាយរួម ភូមិសំរុងលើដែលជនជាតិស្អូចរស់នៅ កម្ររងគ្រោះដោយទឹកជំនន់ណាស់ ហើយដីមានលក្ខណៈអំណោយផលណាស់ចំពោះដំណាំស្រូវវស្សា ដីនៅសល់ទំនេរគេដាំស្រូវធ្ងន់ ស្រូវស្រាល និងស្រូវឡើងទឹកបានទៀតផង។ នៅពេលផុតរដូវច្រូតកាត់ ទឹកសាបដែលនៅក្នុងស្រែត្រូវគោកជាបណ្តើរៗ ពេលនោះគេចាប់ផ្តើមបង្ហូរទឹកប្រៃចូល ពេលនោះនៅវាលស្រែទាំងឡាយត្រូវបានគេធ្វើការនេសាទបានដូចជា ត្រី ក្តាម បង្គា។
នៅក្នុងតំបន់ខ័ណ្ឌព្រៃនប់ក្តី ភូមិសំរុងលើក្តី ព្រៃឈើគ្របដណ្តប់ស្ទើរតែ ៥០ ភាគរយនៃផ្ទៃដីទាំងមូល ហើយមានឈើគ្រប់មុខ រួមទាំងឈើតូច ឈើធំ ឈើមានតំលៃប្រណិតៗ រួមផ្សំនឹងឈើសំរាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃផងដូចជា អុស ធ្យូង…។ល។
និយាយរួម មិនថារដូវប្រាំង ឬរដូវវស្សាទេគឺព្រៃឈើទាំងនោះផ្តល់ផលយ៉ាងច្រើនចំពោះសេដ្ឋកិច្ច និងកសិកម្ម រួមទាំងបំរើដល់ការសាងសង់សំណង់ធំតូចទៀតផង។ មិនតែប៉ុណ្ណោះថែមទាំងផ្តល់ផ្លែ ផ្កា ស្លឹក ឬស មើម សំរាប់ជាឱសថបុរាណក្នុងការព្យាបាលមនុស្សសត្វ និងបន្លែសំរាប់បរិភោគផង។ ហើយយើងអាចទាញយកផលិតផលទាំងនោះទៅផ្តោះប្តូរនៅទីផ្សារថែមទៀត។
ដោយឡែកនៅតំបន់ព្រៃនប់ទាំងមូល ទន្ទឹមនឹងមានព្រៃឈើដែលដុះតាមតំបន់ភ្នំ ក៏នៅមានព្រៃឈើមួយប្រភេទទៀតដែលដុះនៅតាមពាមមាត់សមុទ្រ គឺព្រៃកោងកាង។ ព្រៃនេះអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើនដែរដូចជា «ជំរកដល់មច្ឆាជាតិ និងផ្តល់អុស ធ្យូង សំរាប់ដុត ថែមទាំងជាលំនៅរបស់សត្វស្លាបដែលរស់នៅតំបន់នេះផង»។
ដីនៅតំបន់នេះ បច្ចុប្បន្នត្រូវគេនាំគ្នាលក់ដោយពុះចែកជាឡូត៌ សូម្បីតែដីត្រពាំងបឹងបួរ ក៏ត្រូវគេលក់អស់ដែរ។
ប្រការទាំងអស់ខាងលើនេះហើយ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិយ៉ាងខ្លាំងក្លាបំផុត ជាពិសេសការកាប់បំផ្លាញព្រៃឈើនេះឯង ព្រោះព្រៃឈើអាចការពារទឹកជំនន់ អាចទាក់ទាញទឹកភ្លៀង ទប់ដំកុំឲ្យច្រោះបាក់ និងថែរក្សាសីតុណ្ហភាពដែលជាលំនឹងធម្មជាតិបានល្អទៀតផង៕


