១. ប្រវត្តិស្រាអេក
តាមសំដីពូ ស្រី ភិវ ដែលជាមនុស្សចាស់ទុំ ជាអ្នកចេះដឹងជាងគេក្នុងចំណោមជនជាតិស្អូចបាននិយាយថា ៖
កាលពីព្រេងនាយ មានព្រានម្នាក់ឈ្មោះថា អេក គាត់ដើរបរបាញ់សត្វនៅក្នុងព្រៃ លុះដើរយូរៗទៅក៏ស្រេកទឹក។ ពេលនោះគាត់ក្រលេកឃើញឈើមួយដើមមានប្រហោងមានដក់ទឹកនៅក្នុងនោះ គាត់ក៏ផឹកទឹកនោះរួចហើយគាត់ក៏យកមេដំបែយកទៅដាក់ក្នុងរន្ធនោះ។ សម័យថ្ងៃមួយគាត់ដើរបរបាញ់ដូចសព្វដង ហើយគាត់ស្រេចទឹកយ៉ាងខ្លាំង ហើយក៏នឹកក្នុងចិត្តថា «ព្រៃនេះមានដើមឈើមួយដើមដែលអញបានផឹកពីថ្ងៃមុន»។ បន្ទាប់មកគាត់កាច់ដើមពកមួយដើម រួចពត់ដើមនោះឲ្យកោង ហើយឡើងលើដើមឈើនោះ គាត់ក៏យកដើមពកមកបឺតទឹកនោះ រួចនិយាយខ្លួនឯងថា «ទឹកនេះមានរសជាតិជូរដូចស្រា»។ លុះក្រោយមកពេលគាត់ស្លាប់ទៅ កូនចៅជំនាន់ក្រោយក៏យកតំរាប់តាម ហើយគោរពដឹងគុណដល់ព្រាននោះ ចាត់ទុកជាគ្រូរបស់ពួកស្អូច ហើយដាក់ឈ្មោះស្រានោះថា «ស្រាអេក»។
គេប្រើប្រាស់ស្រាអេកនៅក្នុងពិធី ៖
- អាពាហ៍ពិពាហ៍
- លើកផ្ទះ
- លាបំណន់
ក. របៀបធ្វើស្រាអេក
បច្ចេកទេសក្នុងការធ្វើស្រាអេក គឺខុសប្លែកពីខ្មែរ។ ហើយសំភារៈសំរាប់ធ្វើមាន ៖
- ឱទិនមួយ ឬក្រឡមួយ
- មេដំបែ
- អង្កាម
- បាយដំណើបស ឬខ្មៅ
- សំបកស្មាច់
- ផេះ
គេយកមេដំបែរបុកឲ្យម៉ដ្ឋ ហើយរោយពីលើបាយដំណើប រួចដាក់ទៅក្នុងឱទិនមួយ។ បន្ទាប់មកគេយកសំបកស្មាច់ក្រាលពីលើមាត់ឱទិន រួចហើយគេយកផេះរោយពីលើ គេយកអង្កាមរោយពីលើផេះ ហើយយកបំពង់ពកវែងស៊កពីលើទុកក្នុងរយៈពេលបីថ្ងៃទើបអាចប្រើការបាន។
ខ. ស្រាអេកក្នុងពិធីផ្សេងៗ
គេតែងតែគោរពស្រាអេក គឺគេច្រើនដាក់នៅសសរកន្លោង ខាងជើងជាទឹសដែលពួកស្អូចគោរពបំផុតក្នុងការធ្វើពិធីបុណ្យផ្សេងៗ។ គ្រឿងសំណែនដែលត្រូវមានជាចាំបាច់មាន ៖
- បាយពីរចាន សម្លបីចាន
- មាន់ខ្មោច
- នំខ្មោច
- ទឹកមួយកំសៀវទុកសំរាប់ចាក់ទៅក្នុងឱទិននៅពេលគេផឹកម្តងៗ៕


