៣. ជីវភាពរស់នៅ
បច្ចុប្បន្ននេះ បើយើងសង្កេតមើលទៅលើការចិញ្ចឹមជីវិតរបស់ពួកស្អូចទាំងអស់នោះ យើងឃើញថា ៖ ជីវភាពគេនីមួយៗ គឺមានការខ្វះខាតជាច្រើន ទាំងផ្នែកចំណីអាហារ ការស្លៀកពាក់ ក៏ដូចជាជំរកស្នាក់នៅជាដើម។ និយាយរួមគឺ ពួកនេះគ្មានអ្នកមានជីវភាពធូរធារ ឬក៏មានជីវភាពមធ្យមឡើយ គឺស្ថិតក្នុងភាពទ័លក្រទាំងអស់គ្នា មុខរបរសំខាន់របស់ពួកគេ គឺការធ្វើស្រែ។ មុខរបរបន្ទាប់បន្សំ គឺការនេសាទត្រីទឹកប្រៃ ការកាប់សសរលក់ បោចវល្លិ៍ជ័រ ការរកឃ្មុំ ដាក់អន្ទាក់។ ហើយកំរៃដែលបានមកត្រូវរាប់រងជួយគ្នាទៅវិញទៅមកក្នុងការរស់នៅ។ ក្នុងផ្ទះដ៏តូចរបស់ពួកគេនីមួយៗ មានមនុស្សរស់នៅ ៣ ទៅ ៤ គ្រួសារដែលរស់នៅជាមួយគ្នា ហើយប្រាក់ដែររកបានត្រូវចំណាយរួមគ្នា ព្រោះថាក្នុងចំណោមមនុស្សដែលស្នាក់នៅជាមួយគ្នាមានអ្នកខ្លះពិការ អ្នកខ្លះមេម៉ាយដែលប្តីស្លាប់ដោយសារសង្គ្រាម និងជាន់មីន។
![]() |
| គ្រួសារលោក ស៊ឹម ឆែត មេកន្ទ្រាញជនជាតិស្អូច |
មុខរបរសំខាន់នៅក្នុងគ្រួសារ គឺធ្វើស្រែ នៅលើផ្ទៃដីទំហំ ១,៥ ហិកតា។ ហើយមិនសូវមានជីជាតិ។ នៅពេលរដូវប្រមូលផល គាត់ទទួលបាន ៣០ ថាំង។ ក្រៅពីមុខរបរធ្វើស្រែសមាជិកគ្រួសារគាត់ប្រកបរបរដាក់អន្ទាក់ បោចវល្លិ៍ និងស៊ីឈ្នួលធ្វើស្រែបណ្តាក់តាមរបៀបយកកម្រៃពលកម្ម ឬជាស្រូវអង្កររួចទើបធ្វើការសងវិញ ផលស្រូវដែលគ្រួសារគាត់បានទទួល គឺមិនគ្រប់ក្នុងការបរិភោគទេ ការនេសាទ និងមុខរបរដទៃទៀត គឺបានកម្រៃមកសម្រាប់ទប់ទល់ខាងម្ហូប និងសំលៀកបំពាក់ជាដើម។ ក្រៅពីនេះគ្រួសារគាត់ចិញ្ចឹមកូនគោ ១ ក្បាល មាន់ ១០ ក្បាល ឆ្កែ ២ សម្រាប់ដេញសត្វ។
២- ចំណែកគ្រួសារពូ ព្រំ កិល ភេទប្រុស អាយុ ៥០ ឆ្នាំ ប្រពន្ធឈ្មោះ ចែម ផេន អាយុ ៤៨ ឆ្នាំ។ គាត់ត្រូវពិការនៅឆ្នាំ ១៩៨៨ ដោយសារជាន់មីននៅពេលដាក់អន្ទាក់ ដីស្រែរបស់គាត់ត្រូវលក់ដើម្បីយកលុយព្យាបាលជំងឺគាត់។ គាត់មានកូន ៥ នាក់ គឺ ៖
១. ព្រំ ឈាន អាយុ ២៥ ឆ្នាំ ភេទប្រុស
២. ព្រំ ផុង អាយុ ២៣ ឆ្នាំ ភេទស្រី
៣. ព្រំ ដឹប អាយុ ១៨ ឆ្នាំ ភេទប្រុស
៤. ព្រំ ធឿន អាយុ ១៥ ឆ្នាំ ភេទប្រុស
៥. ព្រំ ថេន អាយុ ១៣ ឆ្នាំ ភេទស្រី
ក្នុងគ្រួសារនេះមានដីកម្មសិទ្ធសម្រាប់លំនៅដ្ឋាន ១០x១៥ ម៉ែត្រ។ ចំណែកផ្ទះរបស់គាត់មានទំហំ ៤x៣,៥ ម៉ែត្រ ធ្វើអំពីឈើ ក្រាលរនាបអំពីកូនឈើតូចៗ ជញ្ជាំងបិទបាំងពីសំបកគគីរ ហើយដំបូលប្រក់ស្លឹកចាក។ គ្រួសារនេះក្នុងចំណោមពួកស្អូចឃើញថា មានសភាពក្រជាងគេ ព្រោះថាកាលដើមឡើយ គ្រួសារទាំងមូលត្រូវធ្លាក់ទៅលើលោកពូ កិល ជាអ្នករ៉ាប់រងចិញ្ចឹម។ ក្រៅពីកិច្ចការធ្វើស្រែរបស់ពួកគេ គឺមានការនេសាទត្រី ជួនកាលបាន ជួនអត់ ឯអ្នកខ្លះទៀតទៅដាក់អន្ទាក់ បោចវល្លិ៍យកទៅលក់ឯផ្សារ។ ចំណែកគោក្របីគ្រួសារនេះគ្មានទេ។ ហើយគេចិញ្ចឹមបានជ្រូ ១ ក្បាល មាន់ ៥ ក្បាល ឆ្កែ ២ សម្រាប់ដេញសត្វ។
តាមលោក Menetrien E(៩) ប្រជាជនស្អូចក្រក្សត់ មានតែផ្ទះតូចមួយបែរមុខទៅខាងជើងដោយប្រក់ស្បូវ ឬស្លឹក។ ចំណែកអចលនវត្ថុវិញ ពួកគេរិតតែក្រីក្រណាស់ទៅទៀត។ នៅលើដីបុកបង្ហាប់ ពួកគេធ្វើជើងក្រានអំពីឥដ្ឋ។ ក្តារពីរ ឬក៏បីបន្តះសម្រាប់ធ្វើគ្រែ ពួកគេគ្មានមុងកន្ទេលទេ។ ការរៀបចំឧបករណ៍ទាំងឡាយនៅក្នុងផ្ទះ គឺស្ថិតនៅក្នុងទីងងឹត និងកខ្វក់។ មនុស្សប្រុសស្រី ក្មេងចាស់ រស់នៅឡូកឡំមិនគប្បី។ របបអាហារនៃមនុស្សជំនាន់ដើមទាំងនោះមានអង្ករបន្តិចបន្ទួចសម្រាប់ចំអិនជាមួយមើមឈើ សាច់ដុត ផ្លែឈើជាដើម។
ចំណែកជីវភាពរស់នៅបច្ចុប្បន្ន បើប្រៀបធៀបពីជំនាន់មុនមានការវិវត្តន៍បន្តិចបន្ទួចតែប៉ុណ្ណោះ។ នៅពេលយប់ការដេក គឺគ្មានបន្ទប់ត្រឹមត្រូវ តំរៀបជួរគ្នាដេកទៅតាមគ្រួសារនីមួយៗ ផ្ទះខ្លះមានមុង ផ្ទះខ្លះគ្មានមុងទេ គឺគេដុតគុបភ្លើងពីក្រោមផ្ទះ។ ម្ហូបអាហារមួយភាគធំបានមកពីការនេសាទ ដាក់អន្ទាក់ និងបេះបោចពីភ្នំផង។ អាហារថ្ងៃត្រង់គេបរិភោគនៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ចំណែកអាហារពេលល្ងាចពួកគេបរិភោគនៅម៉ោង ៣ ឬ ៣ និង ៣០ នាទីរសៀល៕
------------------------------
(៩) Menetrier E (1926) page 40



