២. ប្រជាជន
ចំពោះប្រជាជនស្អូច កាលពីមុនក៏ដូចជាបច្ចុប្បន្ន ថ្វីដ្បិតតែមានការវិវត្តន៍ពេលវេលាក្តី ក៏កត្តានៃចំនួនមនុស្សកើតគ្មានការកើនឡើងទេ គឺស្ថិតិនៃជនជាតិនេះដូចពីមុនដដែល។
តាមលោក Taillard(៨) មានស្អូចចំនួន ៧៥ នាក់នៅក្នុងឆ្នាំ ១៩១០ និងចំនួន ១០០ នាក់នៅក្នុងឆ្នាំ ១៩២៦។ ស្រី ភិវ ដែលជាមនុស្សចេះដឹងក្នុងចំណោមពួកគេនោះបានប្រាប់ថា ៖ កាលជំនាន់សាធារណរដ្ឋខ្មែរ ពួកគាត់មានចំនួន ១៤៦ គ្រួសារ គិតជាចំនួនមនុស្សមាន ២៦៤ នាក់។ សម័យប៉ុលពត ប្រជាជនគាត់មួយចំនួនបានទទួលរងគ្រោះដូចប្រជាជនខ្មែរយើងដែរ ត្រូវរងគ្រោះការកាប់សំលាប់បង្ខំឲ្យធ្វើការជាទម្ងន់ និងបង្អត់អាហារត្រូវស្លាប់អស់ជាច្រើន។
ជំនាន់រដ្ឋកម្ពុជា ប្រជាជនគាត់មួយចំនួនត្រូវទទួលរងគ្រោះដោយសារសង្គ្រាម ហើយនិងត្រូវជាប់កំណែនទ័ព ធ្វើនគរបាល ឈ្លបភូមិឃុំ អាស្រ័យជំនាន់នោះតំបន់នេះជាតំបន់អសន្តិសុខ ដែលខ្មាំងសត្រូវតែងតែមកយាយីដុតបំផ្លាញជារៀងរាល់ថ្ងៃ។ មួយចំនួនត្រូវស្លាប់ក្នុងពេលប្រយុទ្ធ ខ្លះត្រូវជាន់មីនស្លាប់ និងរបួសជាច្រើន។
ក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ភូមិស្រុកនេះបានទទួលនៅសន្តិភាពពេញលេញ ហើយចំនួនប្រជាជនគិតមកដល់ឆ្នាំ ១៩៩៧ នេះគឺមានចំនួន ៩០ នាក់គិតតាំងពីកុមារ វ័យជំទង់ និងមនុស្សចាស់៕
------------------------------
(៨) Taillard (1964 page 160)


