III. ប្រជាជន និងបណ្តាញផ្សេងៗដែលពុំមែលជារដ្ឋបាល
១. បុគ្គលិកលក្ខណៈសំគាល់ជនជាតិស្អូច
បច្ចុប្បន្ននេះយើងពិបាករកឲ្យបាននៅជនជាតិមួយដែលសុទ្ធ មិនមានលាយឡំទៅដោយកូនកាត់ជនជាតិដទៃណាស់។ សូម្បីតែប្រជាជនយើងក៏ដូច្នេះដែរ សព្វថ្ងៃខ្មែរយើងមានលាយឡំទៅដោយកូនកាត់ជាច្រើនដូចជា ៖ ចិន ចាម យួន សៀម និងកូនកាត់អឺរ៉ុបជាដើម ជាហេតុធ្វើឲ្យយើងពិបាកក្នុងការសន្និដ្ឋាន។
ចំណែកជនជាតិភាគតិចស្អូចក៏មិនខុសពីបងប្អូនខ្មែរយើងដែរ គឺនៅក្នុងភូមិដ្ឋានដែលគេរស់នៅបានលាយឡំជាច្រើនទៅដោយចំរុះជនជាតិដូចជា ៖ ខ្មែរ ចិន ចាម ដែលអ្នកទាំងនោះហើយដែលធ្លាប់ចេញចូលរកស៊ីជាមួយពួកស្អូច ធ្វើការងារជាមួយគ្នា ហើយជួនកាលបណ្តាលឲ្យពួកគេស្រឡាញ់គ្នារៀបការជាមួយគ្នា ហើយរស់នៅលាយឡំជាមួយគ្នា នៅក្នុងភូមិនេះតែម្តង។ ការវិវត្តន៍នៃការរស់នៅរបៀបនេះ ជាហេតុឲ្យពួកគេមានការប្រែប្រួលច្រើនក្នុងការរស់នៅដូចជា ៖ ជីវភាព ទំនៀមទម្លាប់ និងការគោរពចំពោះសាសនាជាដើម។
បើតាមលោក Menetrier. E(៧) ពួកស្អូចមានមាឌតូច ទំរង់មុខមូលរាងពងក្រពើ ស្បែកពណ៌ខ្មៅ សក់រលើបរលោង សសៃរសក់ធំល្មមក្រញាញ់ ទ្រនុងថ្ពាល់លយ ច្រមុះកោង (ដូចជំពុះសេក) ខើចឡើងលើបន្តិច ភ្នែកបើកធំទូលាយពណ៌ត្នោតចាស់ ក្រសែភ្នែកមានសភាពស្ងាត់ស្ងៀម ហើយមានកំពង់ ១.៦០ ម៉ែត្រ ប្រកបទៅដោយសាច់ដុំ។ ទាំងនេះបញ្ជាក់ថា ពួកគេជាមនុស្សឧស្សាហ៍ព្យាយាម រហ័សរហួនក្នុងការធ្វើការងារ។ ពួកស្អូចពេលធ្វើដំណើរមានភាពប្រញាប់ប្រញាល់រហ័សរហួន។ តាមទម្លាប់ក្នុងភូមិក្តី ក្នុងព្រៃក្តី ពេលគេដើរតែងតែសួររាក់ទាក់រកគ្នាមិនដែលដាច់ទេ ពួកគេចូលចិត្តជក់បារីណាស់ ពិសេសប្រុសៗចាប់ពីអាយុ ១៥ ទៅ ១៧ ឆ្នាំឡើងទៅនិយមក្នុងការជក់ ចំណែកស្ត្រីចាស់មួយចំនួនធំក៏និយមក្នុងការជក់បារីដែរ ចំពោះក្មេងៗពេលរត់លេង ឬឃ្វាលគោ ក្របី ពួកគេចូលចិត្តដោះអាវ ស្លៀកខោខ្លី មិនពាក់អាវស្បែកជើងទេ។ ចំណែកយុវជន និងចាស់ៗ គឺគេមានទម្លាប់ស្លៀកតែខោខ្លីលែងខ្លួនទទេ ពេលនៅផ្ទះ ឬធ្វើការងារផ្សេងៗ។ ចំណែកស្ត្រីវិញពួកគេចូលចិត្តស្លៀកខោជើងវែង ឬសារុង ហើយពាក់អាវចាស់ៗពេលនៅផ្ទះ។ ហើយចំពោះប្រុសវិញនោះធ្វើដំណើរទៅក្នុងព្រៃក្តី ដាក់អន្ទាក់ក្តី រកជ័រ វល្លិ៍ នេសាទ ពួកគេមិនពាក់ស្បែកជើងទេ គឺដើរដោយជើងទទេរ។
ជារៀងរាល់ថ្ងៃ ពួកគេតែងតែមានការងារច្រើនណាស់ ភាគច្រើនសុទ្ធសឹងតែការងារធ្ងន់ៗដូចជា ៖ ស៊ីឈ្នួលរែកដី ជីកស្រះ កាប់សសរលក់ និងធ្វើផ្ទះជាដើម។ ពេលយប់ពួកគេតែងតែជជែកគ្នា ជួនមានផឹកស្រាផង ពិភាក្សាពីរឿងការងារ និងបញ្ហាជីវភាពកូនចៅជាដើម។ ជាទម្លាប់របស់ស្អូច ពេលធ្វើដំណើរទៅដាក់អន្ទាក់ក្តី នេសាទក្តី នៅផ្ទះ ឬទៅធ្វើស្រែ យកឃ្មុំ គឺពួកគាត់ចូលចិត្តធ្វើដំណើរដោយជើងទទេរ មិនពាក់មួក ស្លៀកខោខ្លី បង់កក្រមា មិនពាក់អាវទេ។ ចំពោះបុណ្យទានផ្សេងៗ ពួកគេស្លៀកពាក់សមរម្យ ហើយចំពោះស្ត្រីគេនិយមពណ៌ឆើតៗដូចជា ពណ៌ក្រហម ឈាមជ្រូកជាដើម។ ចំណែកពួកគេប្រុសៗចូលចិត្តផឹកស្រា។ ពួកស្អូចទាំងស្រី ទាំងប្រុសមានអាកប្បកិរិយាស្លូតបូត ទៀងត្រង់ ចេះជួយយកអាសារមនុស្សផងគ្នា ហើយធ្វើការមានការអំណត់ជាទីបំផុត ពេលជួបប្រាស្រ័យទាក់ទងគ្នា ពួកគេមានការខ្មាស់អៀនច្រើន នៅពេលមានភ្ញៀវ ឬអ្នកចំឡែកចូលក្នុងភូមិរបស់ខ្លួនពិសេសស្រីៗ យុវតីនាំគ្នារត់ត្រសងឡើងលើផ្ទះ ទុកឲ្យនារីចាស់ជាអ្នករាក់ទាក់ ហើយប្រើប្រាស់ភាសាខ្មែរសំរាប់ទំនាក់ទំនងជាមួយភ្ញៀវ ចំណែកក្មេងៗស្អូច បច្ចុប្បន្ននេះគេស្ទើរតែបោះបង់ចោលភាសារបស់ខ្លួនអស់ ហើយងាកមកចាប់ភាសាខ្មែរក្នុងការនិយាយស្តី និងប្រឡែងគ្នា រួមទាំងការនិយាយគ្នាក្នុងក្រុមគ្រួសារផង។ ជាទម្លាប់ពេលរាក់ទាក់ទទួលភ្ញៀវ ពួកគេនាំគ្នាក្រាលកន្ទេលរំចេកជូនភ្ញៀវអង្គុយ ហុចបារី ទឹក ឬស្រាក៏សឹងមាន។
បុរសចាស់ក្តី ស្ត្រីក្តី ពួកគេមិនចូលចិត្តនៅស្ងៀមទេ ពួកគេតែងតែធ្វើការងារផ្សេងៗនៅក្នុងផ្ទះដូចជា ៖ ក្រងព្រួល ធ្វើលបក្តារ លបបង្គារ មើលគោក្របី និងជួយមើលថែកូនចៅ ទូន្មានប្រៀនប្រដៅ និងជួយឲ្យជាយោបល់ដូចជា ក្នុងពិធីបុណ្យទានប្រចាំជនជាតិ និងការសាងសង់ជាដើម។ ពួកគេមានជំនឿស៊ប់ទៅលើព្រះពុទ្ធសាសនា ហើយខិតខំគោរពព្យាយាមដើម្បីសន្សំកុសល សិល្ប៍ទាន ពុំដែលហ៊ានប្រព្រឹត្តខុសនឹងគន្លងធម៌ឡើយ។ ចំណែកព្រហ្មាញសាសនា ក៏គេគោរពដែរដូចជា ៖ អ្នកតាជើងក្អោង ជាន់អារក្ស...។ ក្រៅពីនេះនៅពេលមានអ្នកជំងឺ ពួកនេះមានគ្រូពេទ្យប្រចាំការ គឺមេកន្ទ្រាញដែលចេះព្យាបាលតាមបែបឧសថបុរាណយ៉ាងស្ទាត់ជំនាញ ហើយព្យាបាលពុំសូវយកតម្លៃថ្លៃទេ។ ពេលមានស្ត្រីឈឺពោះប្រសូត្របុត្រ គេមានឆ្មមជាអ្នកទទួលខុសត្រូវធ្វើកិច្ចការនេះ ហើយបានទទួលប្រាក់ទៅតាមសទ្ធារច្រើន ឬតិចអាស្រ័យទៅលើជីវភាពគ្រួសារគេនីមួយៗ៕
------------------------------
(៧) Menetrier. E page 39 (1926)


